DEV Community

LeuKongsun
LeuKongsun

Posted on

ការជ្រើសរើសមុខវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រ (អាយធី)

បន្ទាប់ពីការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ខ្ញុំក៏សម្រេចចិត្តបន្តសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រនៅថ្នាក់មហាវិទ្យាល័យ។ វាមិនមែនជារឿងចៃដន្យ ឬជាការជ្រើសតាមមិត្តភក្តិនោះឡើយ គឺខ្ញុំបានស្រាវជ្រាវ និងស្វែងយល់ពីមុខវិជ្ជាមួយនេះមុននឹងសម្រេចចិត្តជ្រើសរើសយកវា។ ខ្ញុំបានព្យាយាមស្វែងរកអាហារូបករណ៍ទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ក្នុងគោលបំណងកាត់បន្ថយការចំណាយ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់សិស្សវិទ្យាសាស្ត្រសង្គមដូចជាខ្ញុំដែលត្រូវមកប្រកួតប្រជែងមុខវិជ្ជាវិទ្យាសាស្ត្រយ៉ាងដូច្នេះ។ ខ្ញុំមិនបានទទួលអាហារូបករណ៍អ្វីឡើយ និងសម្រេចចិត្តរៀនដោយបង់ថ្លៃសិក្សាពេញ។

ការចូលរៀនដំបូង វាអាចនឹងពិបាកបន្តិចជាមួយនឹងគណិតវិទ្យាសម្រាប់កុំព្យូទ័រ​ ប៉ុន្តែវាមិនជាលំបាកណាស់ណាពេកនោះទេ ដោយហេតុថា នៅសាកលវិទ្យាល័យយើងមិនមានរៀនគួរបន្ថែមសម្រាប់មុខវិជ្ជានេះឡើយ ដូចនេះហើយការបង្រៀនក៏ទទួលបានច្រើន និងយល់បានគួរសម។ ខ្ញុំបានចាប់ផ្តើមខិតខំពីមូលដ្ឋានគ្រឹះ​មកវិញ ព្រោះកាលនៅថ្នាក់វិទ្យាល័យខ្ញុំបានបណ្តោយពេលវេលាយ៉ាងច្រើនឲ្យកន្លងផុតទៅយ៉ាងឥតប្រយោជន៍។
សម្រាប់មុខវិជ្ជាផ្សេងៗដែលពាក់ព័ន្ធទៅនឹងគ្រឿងបង្គុំ ក៏ដូចជាមូលដ្ឋានគ្រឹះរបស់កុំព្យូទ័រនោះ គឺមិនជាអ្វីពិបាកខ្លាំងនោះទេ ព្រោះខ្ញុំបានរៀនវាតាំងតែពីថ្នាក់ទី៧មកម្ល៉េះ ខ្ញុំក៏អាចជួសជុល និងតម្លើងកម្មវិធីបានផងដែរនៅពេលនោះ។

បញ្ចប់ឆ្នាំទីមួយ ខ្ញុំមិនមានអារម្មណ៍ថាទទួលបានអ្វីជាដុំកំភួននោះឡើយ ព្រោះជាឆ្នាំដំបូង ម្យ៉ាងទៀតមុខវិជ្ជាសិក្សាគឺមានលក្ខណៈទូទៅដូចដែលយើងរៀននៅថ្នាក់វិទ្យាល័យអញ្ចឹង គ្រាន់តែថាមានបញ្ជូលមុខវិជ្ជាកុំព្យូទ័រមួយទៅពីរមុខខ្លះដែរ។

វិស្សមកាលចូលមកដល់ (ប្រហែល២ខែ) ខ្ញុំក៏ទទួលបានការងារជាអ្នកហាត់ការនៅក្នុងគ្រឹះស្ថានរដ្ឋមួយ ដោយមានតួនាទីជាអ្នកស្រាវជ្រាវអំពី Information Security ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធសុវត្ថិភាព និងការហេគ។ កាលនោះ វាក៏ជាប្រធានបទមួយដែលខ្ញុំចាប់អារម្មណ៍ផងដែរ ព្រោះ Hacker ស្តាប់ទៅ Cool​ និងមើលទៅ Magic ប៉ុន្តែវាខុសពីការគិតរបស់ខ្ញុំ ដែលតម្រូវឲ្យខ្ញុំមានជំនាញច្រើនដើម្បីឈានទៅដល់ចំណុចនេះ។ ការងារប្រកបទៅបានជិតមួយឆ្នាំ ផលដែលខ្ញុំទទួលបានក៏ពុំសូវជាល្អប៉ុន្មានឡើយ ព្រោះវាទាមទារការអត់ធ្មត់ និងការចង់ចេះចង់ដឹងចេញពីបេះដូងរបស់យើងយ៉ាងពិតប្រាកដ។ ខ្ញុំបានសម្រេចចិត្តចាកចេញត្រឹមហ្នឹង ដោយហេតុថាខ្ញុំត្រូវត្រៀមខ្លួនប្រឡងយកអាហារូបករណ៍កូរ៉េមួយបន្ទាប់ពីចប់ឆ្នាំទី២ទៅ។

នៅកំឡុងពេលរៀនឆ្នាំទី២នោះ ក្រៅអំពីការងារហាត់ការ ខ្ញុំបានប្តូរវេនពីពេលព្រឹកទៅពេលរសៀលវិញ​។ ឆ្នាំទី២ជាឆ្នាំដែលសំខាន់ផងដែរ​ ដែលមានមុខវិជ្ជាសំខាន់ៗមួយចំនួនដូចជា Data Structure and Algorithm, C++ និង Robotic(ជាការធ្វើគ្រឿងយន្តដោយសរសេរកូដ C++ បញ្ចូល)។ ការរៀន C++​ ហាក់មិនមានអ្វីទាក់ទាញនោះទេ ព្រោះអ្វីដែលខ្ញុំរំពឹងតាំងតែពីថ្ងៃចូលរៀនដំបូងមកនោះ គឺការឃើញនូវផ្ទាំងរូបភាព (User Interface) ដូចដែលអ្វីខ្ញុំធ្លាប់ប្រើប្រាស់នៅលើកុំព្យូទ័រយ៉ាងដូច្នោះ។ ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាខ្ញុំឃើញតែអក្សរពណ៌ស និងផ្ទាំងពណ៌ខ្មៅយ៉ាងដូច្នេះអស់រយៈពេលពីរឆ្នាំមកហើយនេះ។​ ក្រោយមកទើបខ្ញុំដឹងថា វាជាស្នូលសំខាន់ដែលយើងគួរតែចាប់ឲ្យជាប់ក្នុងកំឡុងពេលពីរឆ្នាំដំបូង។ វាមិនទាក់ទាញទេ តែវាជាស្នូលដែលធ្វើឲ្យកម្មវិធីដំណើរការបាន និងជាអ្វីៗគ្រប់យ៉ាងដែលអាចឲ្យយើងឈានទៅរៀនភាសាថ្មីផ្សេងទៀតបាន។

បន្ទាប់មកទៀតខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍កូរ៉េមួយ(HRD Center)​ ដែលជាអាហារូបករណ៍ដ៏ល្អមួយនៅក្នុងស្រុក ដោយការបង្រៀនប្រៀបបានទៅនឹងពេលកំពុងតែធ្វើការយ៉ាងដូច្នោះដែរ។ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីមជ្ឈមណ្ឌលជាងរាងរាល់ខែ ហើយការសិក្សាមានការប្រកួតប្រជែងយ៉ាងខ្លាំង។ អ្វីដែលផ្តោតនៅពេលនោះ គឺការបង្កើត software (web and mobile application)។ ចប់វគ្គសិក្សាភ្លាម ក៏មានក្រុមហ៊ុនជាដៃគូរមកធ្វើការជ្រើសរើបុគ្គលិក។ វាក៏ជាពេលដែលខ្ញុំជិតបញ្ចប់ឆ្នាំទី៤ផងដែរ។ ខ្ញុំមានការងារធ្វើបណ្តើរ និងរៀនសល់តែមួយខែទៀតប៉ុណ្ណោះក៏នឹងចប់ឆ្នាំទី៤ ហើយលាចាកសិក្ខាបទក្នុងនាមជានិស្សិត។

ខ្ញុំក៏ក្លាយទៅជាអ្នកសរសេរកម្មវិធីទៅតាមបំណងប្រាថ្នា។ ការគិតដំបូងមកនោះគឺថា "មានតែកុំព្យូទ័រយួរដៃមួយគឺខ្ញុំអាចធ្វើរឿងដែលខ្ញុំចង់ធ្វើបានគ្រប់ពេលវេលាគ្រប់ទីកន្លែង" ហើយវាជាមូលហេតុដែលនាំខ្ញុំឲ្យជ្រើសរើសយកមុខវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រនេះឯង។

Top comments (0)